Khmer | EN

ប្រវតិ្ត


សេវាព័ត៌មានទីផ្សារកសិកម្ម

គោលបំណងរបស់សេវាព័ត៌មានទីផ្សារកសិកម្ម គឺដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ក្នុងវិស័យកសិកម្ម ដើម្បីទទួលយក ប្រមូលផ្តុំ វិភាគ និងប្រើប្រាស់ព័ត៌មាន ដើម្បីឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការទីផ្សារ។

ការិយាល័យទីផ្សារកសិកម្ម មានគោលបំណងបង្កើតនូវ សេវាព័ត៌មានកសិកម្មមួយ ដែលផ្តល់ព័ត៌មានទីផ្សារ និងសេចក្តីសន្និដ្ឋានត្រឹមត្រូវ ទាន់ពេល និងជាប់ជាប្រចាំ ទៅដល់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់។ ការងារនេះ សំដៅជួយដល់ស្ថាប័នដែលពាក់ព័ន្ធ មានលទ្ធភាពទាញយកផលចំណេញបានច្រើនជាងមុន ពីអាជីវកម្មដែលពួកគាត់ពាក់ព័ន្ធ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៌សេដ្ឋកិច្ច និងចូលរួមកាត់បន្ថយភាពក្រីក្រ។

គោលបំណង នៃសេវាព័ត៌មានទីផ្សារកសិកម្ម

  • បង្កើនប្រសិទ្ធភាពក្នុងការទទួលបាននូវព័ត៌មានទីផ្សារកសិកម្មសម្រាប់កសិករ ពាណិជ្ជករ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងសង្វាក់ទីផ្សារកសិកម្ម ដើម្បីជួយពួកគាត់អោយលក់បានក្នុងតម្លៃល្អមួយ និងបង្កើតបណ្តាញទំនាក់ទំនងទីផ្សារកសិកម្ម ដើម្បីជាប្រយោជន៌ដល់ពួកគាត់។
  • ធ្វើឲ្យកសិករមានជម្រើសកាន់តែច្រើនឡើង ក្នុងការធ្វើទីផ្សារផលិតផលរបស់ពួកគាត់ ជាមួយនឹងការចរចាតម្លៃមួយ ប្រសើរជាងមុននៅក្នុងសង្វាក់ទីផ្សារកសិកម្ម។
  • ធ្វើឲ្យកសិករ និងពាណិជ្ជករមានសមត្ថភាពកាន់តែច្រើនជាងមុន ក្នុងបច្ចេកទេសមុន និងក្រោយប្រមូលផល ជាពិសេសការធ្វើចំណាត់ថ្នាក់ផលិតផល ការវេចខ្ចប់ ការរក្សាទុក និងបច្ចេកទេសក្នុងការដឹកជញ្ជូន ដើម្បីធ្វើឲ្យផលិតផលរបស់ពួកគាត់ទទួលបានតម្លៃកាន់តែប្រសើរឡើង។
  • កសាង និងពង្រឹងសមត្ថភាពបច្ចេកទេស របស់មន្ត្រីដែលបំរើការងារពាក់ព័ន្ធនឹងទីផ្សារកសិកម្ម នៅតាមរាជធានី-ខេត្ត។

សេវាព័ត៌មានកសិកម្ម – ការអនុវត្ត

សេវាព័ត៌មានទីផ្សារកសិកម្មមាន ២ ផ្នែក សំខាន់ៗ៖ ផ្នែកព័ត៌មានទីផ្សារកសិកម្ម និង ផ្នែកអភិវឌ្ឍន៍ទីផ្សារកសិកម្ម។

ព័ត៌មានទីផ្សារ ៖

មន្រ្តីទីផ្សារកសិកម្មនៅទីក្រុងភ្នំពេញ និងនៅតាមរាជធានី-ខេត្តចំនួន ១៣ ផ្សេងទៀត ប្រមូលព័ត៌មានតម្លៃលក់ដុំនៃកសិផល ចំនួន ៣ដង ក្នុង១សប្តាហ៍ និងព័ត៌មានតម្លៃលក់រាយ ចំនួន១ដង ក្នុង១សប្តាហ៍ពីផ្សារចំនួន ២២ ធំៗ និងចំនុចប្រមូលផ្សេងៗទៀត នៅក្នុងរាជធានី-ខេត្តគោលដៅចំនួន ១៤។ ព័ត៌មានតម្លៃនេះត្រូវបានផ្សាយជាប្រចាំថ្ងៃ តាមរយៈស្ថានីយ៍វិទ្យុ FM និង AM តាមតំបន់ តាមរយៈគេហទំព័រ ព្រឹត្តិប័ត្រព័ត៌មាននិងតាមរយៈសារជាអក្សរតាមទូរស័ព្ទ។ របាយការណ៍ដែលមានសេចក្តីពិស្តារ អំពីព័ត៌មានតម្លៃត្រូវបានបង្កើតឡើង និងចែកជូន ទៅតាមក្រសួងផ្សេងៗ ព្រមទាំងស្ថាប័នពាក់ព័ន្ធដើម្បីជួយដល់ការធ្វើគម្រោង និងការបង្កើតគោលនយោបាយ។

នៅឆ្នាំ ២០០៩ ផ្នែកព័ត៌មានទីផ្សារត្រូវបានពង្រីកបន្ថែមទៀតដោយការណែនាំ នូវប្រព័ន្ធព័ត៌មានទីផ្សារ ដែលផ្អែកលើសារជាអក្សរតាមទូរស័ព្ទ។ ប្រព័ន្ធសារជាអក្សរតាមទូរស័ព្ទនេះ អាចជួយដល់ផលិតករ និងពាណិជ្ជករកសិកម្ម ដោយផ្តល់ឲ្យពួកគាត់ នូវការប្រើប្រាស់ព័ត៌មានតម្លៃទីផ្សារ ដែលចាំបាច់ សម្រាប់ជំរុញការលក់ផលិតផលរបស់ពួកគាត់។

ការអភិវឌ្ឍទីផ្សារ

នៅចុងឆ្នាំ ២០០៧ សេវាព័ត៌មានទីផ្សារកសិកម្ម ត្រូវបានពង្រីកបន្ថែម ដោយការណែនាំនូវ សាលាទីផ្សារកសិករ។ សាលានេះត្រូវបានបង្កើតឡើង ដើម្បីជួយដល់ផលិតករ បន្លែផ្លែឈើ ក្នុងការផលិត ការចាត់ចំណាត់ថ្នាក់ និងជំរុញការលក់ផលិតផលរបស់ពួកគាត់។ ការងារនេះត្រូវបានធ្វើឡើងដោយមានការពាក់ព័ន្ធ របស់ពាណិជ្ជករបន្លែផ្លែឈើលក់ដុំ ដើម្បីផ្សារភា្ជប់ពួកគាត់ ទៅនឹងផលិតករ អោយប្រសើរឡើង ដើម្បីប្រើប្រាស់ចំណេះដឹងផ្នែកទីផ្សាររបស់ពាណិជ្ជករឲ្យកាន់តែមានប្រយោជន៍។

មន្រ្តីការិយាល័យទីផ្សារកសិកម្ម នៅតាមខេត្ត ត្រូវបានបណ្តុះបណ្តាលជាគ្រូបង្គោល ដើម្បីផ្តល់នូវវគ្គបណ្តុះបណ្តាលរបស់សាលាទីផ្សារកសិករ។ សាលានីមួយៗមានកសិករ ចំនួនពី ២២ ទៅ ២៦នាក់ ត្រូវបានបណ្តុះបណ្តាលអំពីបច្ចេកទេស មុន និងក្រោយប្រមូលផល ចំណាយថ្លៃដើម ផលិតកម្ម ការធ្វើចំណាត់ថ្នាក់ ការវេចខ្ចប់ ការរក្សាទុក និងការជំរុញការលក់។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៤ថ្ងៃ ដែលត្រូវប្រើពេលពី ១ ទៅ ២ សប្តាហ៍ ចំណែកឯកសិករ ដែលចូលរួមវគ្គបណ្តុះបណ្តាលនេះត្រូវបានជ្រើសរើសដោយក្រុមការងារការិយាល័យទីផ្សារកសិកម្ម។ វគ្គបណ្តុះបណ្តាលនេះក៏ត្រូវបានប្រើប្រាស់សម្រាប់អង្គការមិនមែនរដ្ឋាភិបាលផងដែរ។

ឧទាហរណ៍ CARE International និង ADDA ក៏ធ្លាប់បានទទួលវគ្គបណ្តុះបណ្តាលនេះ ពីសាលាទីផ្សារកសិករផងដែរ។

ព័ត៌មានតម្លៃ និងសេចក្តីពិស្តារបន្ថែម អំពីសាលាទីផ្សារកសិករ ឥឡូវនេះអាចរកបាននៅលើគេហទំព័រនេះ។

​ Zing​​ | ថ្ងៃ អង្គារ ទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨