Khmer | EN

ព័ត៌មានទីផ្សារ


ព័ត៌មានទីផ្សារដែលផ្តល់ដោយសេវាព័ត៌មានទីផ្សារកសិកម្មបាញ់ឆ្ពោះទៅរកគោលដៅពីរ ៖
Market Information

  1. អ្នកបង្កើតគោលនយោបាយ
  2. ផលិតករ ពាណិជ្ជករ និងអតិថិជន

ធនធានព័ត៌មានទីផ្សារជាបន្តបន្ទាប់នេះផ្តល់ដោយប្រព័ន្ធទីផ្សារកសិកម្ម៖

របាយការណ៍តម្លៃ

ការិយាល័យទីផ្សារកសិកម្ម ប្រមូលយកព័ត៌មានតម្លៃកសិផល ដើម្បីជាប្រយោជន៌ដល់អ្នកបង្កើតគោលនយោបាយ អ្នកធ្វើផែនការ អ្នកស្រាវជ្រាវ ផលិតករ ពាណិជ្ជករ និងអ្នកប្រើប្រាស់។ ព័ត៌មានតម្លៃលក់ដុំ ត្រូវបាន ប្រមូល ៣ដងក្នុង១សប្តាហ៍ ចំណែកឯតម្លៃលក់រាយវិញត្រូវបានប្រមូល១ដងក្នុង១សប្តាហ៍។ ព័ត៌មានទាំងនេះត្រូវបាន ប្រមូលពីទីផ្សារសំខាន់ៗចំនួន២២ និងកន្លែងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ព័ត៌មាននេះត្រូវបានប្រើប្រាស់ដើម្បីធ្វើរបាយការណ៍ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ ដែលនឹងត្រូវចែកចាយទៅអោយនាយកដ្ឋានរដ្ឋាភិបាលផ្សេងៗនិងក៏អាចទាញយកពីគេហទំព័រនេះផងដែរ។

ការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍

ការិយាល័យទីផ្សារកសិកម្ម បានបង្កើតកម្មវិធីវិទ្យុ និងទូរទស្សន៍ជាច្រើន។ កម្មវិធីទាំងនេះផ្តល់នូវព័ត៌មានលើប្រធានបទផ្សេងៗគ្នា ជាច្រើន រាប់ពីព័ត៌មានតម្លៃ រហូតដល់កម្មវិធីជជែកតាមទូរស័ព្ទ ដែលអ្នកស្តាប់អាចសួរសំនួរដល់សមាជិកក្រុមការងាររបស់យើងបាន។ ឯកសារទាំងនេះអាចមើល ឫទាញយក ពីគេហទំព័រនេះបាន។ ប្រភេទកម្មវិធីដែលយើងបានផលិតរួមមាន ៖

កម្មវិធីវិទ្យុ ដែលនិយាយពីតម្លៃទីផ្សារជាប្រចាំ

ព័ត៌មានតម្លៃទីផ្សារសម្រាប់ផលិតករ ពាណិជ្ជករ និងអ្នកប្រើប្រាស់ ត្រូវបានផ្សព្វផ្សាយតាមវិទ្យុ។ កម្មវិធីនេះ ផ្សាយពីព័ត៌មានតម្លៃថ្មីៗ ដែលទើបប្រមូលបាន។ តារាងពេលវេលាផ្សាយកម្មវិធីនេះ អាចរកបាននៅទីនេះ ។

កម្មវិធីវិទ្យុ ដែលជជែកពិភាក្សាតាមទូរសព្ទ

កម្មវិធីវិទ្យុនេះ ផ្តល់នូវការជជែកពិភាក្សាតាមទូរស័ព្ទ សម្រាប់ផលិតករ ពាណិជ្ជករ អ្នកប្រើប្រាស់ និងសិស្សនិស្សិត ដែលចង់ស្វែងយល់បន្ថែមអំពីព័ត៌មានទីផ្សារកសិកម្ម និងការអភិវឌ្ឍទីផ្សារ។ កម្មវិធីនេះក៏មានផ្តល់នូវគន្លឹះសម្រាប់ឧបករណ៍ទីផ្សារផ្សេងៗផងដែរ។ កម្មវិធីផ្សាយបន្តផ្ទាល់តាមវិទ្យុនេះ មានផ្សាយ ២ដងក្នុង១សប្តាហ៍ គឺនៅរាល់ថ្ងៃចន្ទ និងថ្ងៃអង្គារ។ កម្មវិធីនេះត្រូវចាក់ផ្សាយឡើងវិញរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តារាងពេលវេលា ផ្សាយកម្មវិធីនេះ អាចរកបាននៅទីនេះ

ស្ពតវិទ្យុអប់រំ

យើងបានផលិតស្ពតវិទ្យុអប់រំ ចំនួន១៣ ដែលនិយាយពីប្រធានបទផ្សេងៗ ដូចជា អត្ថប្រយោជន៍នៃពាណិជ្ជកម្ម សេចក្តីណែនាំអំពីសាលាទីផ្សារកសិករ របៀបប្រើប្រព័ន្ធព័ត៌មានទីផ្សារ តាមរយៈសារទូរស័ព្ទ បញ្ហាយេនឌ័រ និងប្រធានបទពាក់ព័ន្ធផ្សេងៗទៀត។ ស្ពតវិទ្យុអប់រំទាំងនេះមានចាក់ផ្សាយក្នុងអំឡុងកម្មវិធីវិទ្យុ ជជែកពិភាក្សាតាមទូរស័ព្ទ និងកម្មវិធីវិទ្យុ ផ្សាយព័ត៌មានតម្លៃ។

កម្មវិធីទូរទស្សន៍អប់រំ 

យើងមាន គម្រោងបង្កើតកម្មវិធីទូរទស្សន៍អប់រំ ចំនួន១៦។ កម្មវិធីនីមួយៗ មានរយៈពេល ពី៥ ទៅ ១០នាទី ដែលនឹងត្រូវផ្សាយតាមបណ្តាញទូរទស្សន៍ស៊ីធីអិន ១ដងក្នុងមួយសប្តាហ៌ រៀងរាល់ថ្ងៃសៅរ៍។ សូមមើលផ្នែកទូរទស្សន៍ ដើម្បីរកកម្មវិធីផ្សាយថ្មីៗ

កម្មវិធីជជែកពិភាក្សាតាមទូរទស្សន៍

យើងក៏បានបង្កើត កម្មវិធីជជែកពិភាក្សាតាមទូរទស្សន៍លើប្រធានបទ កសិកម្មផ្សេងៗផងដែរ។ កម្មវិធីជជែកពិភាក្សាតាមទូរទស្សន៍ទាំងនេះ អាចរកមើលបានតាមរយៈកម្មវិធីជជែកពិភាក្សា របស់បណ្តាញទូរស្សន៍ ស៊ីធីអិន ក្នុងកម្មវិធី ស៊ីធីអិនសភាអ៊ីនធឺណេត។ ក្នុងកម្មវិធីនេះ សមាជិកក្រុមការងារគម្រោង និងដៃគូរដ្ឋាភិបាល នឹងត្រូវបានសម្ភាសន៍ អំពីការិយាល័យទីផ្សារកសិកម្ម និងសកម្មភាពរបស់យើង ព័ត៌មាន អំពីគម្រោងព័ត៌មានទីផ្សារកសិកម្មកម្ពុជា និងប្រធានបទផ្សេងៗទៀត ដែលទាក់ទងនឹងការិយាល័យទីផ្សារកសិកម្ម។ យើងក៏មានពិភាក្សាសេចក្តីលំអិត អំពីសាលាទីផ្សារកសិករ ជំនាញចរចាតម្លៃ និងអត្ថប្រយោជន៍នៃការរៀបចំក្រុមទីផ្សារកសិករ។ ប្រធានបទដទៃទៀតរួមមាន ការពន្យល់ពីតម្រូវការនិងការផ្គត់ផ្គង់ ហើយនិង អត្ថប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍ព័ត៌មានទីផ្សារដូចជាប្រព័ន្ធសារអក្សរតាមទូរស័ព្ទ ជាដើម។

កម្មវិធីទំនាក់ទំនងសាធារណៈ តាមទូរទស្សន៍ របស់ការិយាល័យទីផ្សារកសិកម្ម

ដោយរួមសហការជាមួយនាយកដ្ឋានព័ត៌មាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យើងបានផលិតកម្មវិធីទូរទស្សន៍ស្តីពីកិច្ចការថ្មីៗនិងសកម្មភាពរបស់ការិយាល័យទីផ្សារកសិកម្មរាជធានី-ខេត្ត ដូចជា សកម្មភាពរបស់សាលាទីផ្សារកសិករ និងកិច្ចប្រជុំការងាររវាងកសិករនិងពាណិជ្ជករ។ កម្មវិធីទាំងនេះមានផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ក្នុងកម្មវិធីព័ត៌មានក្នុងស្រុក។

សម្រង់វីដេអូឯកសារ

វីដេអូឯកសារ របស់យើងជាកម្មវិធីដែលបង្ហាញអំពីសកម្មភាពគម្រោង អនុវត្តដោយសមាជិកក្រុមការងារគម្រោង និងដៃគូរដ្ឋាភិបាល។ វីដេអូឯកសារ មានបង្ហាញពីរបៀបដែលយើងចែកចាយព័ត៌មានទីផ្សារកសិកម្ម ហើយក៏មានបង្ហាញពីសកម្មភាពផ្សេងៗទៀតទាំងអស់របស់គម្រោងយើង។ មានបទសម្ភាសន៍ជាមួយកសិករ និងពាណិជ្ជករ មុននិងក្រោយពេលពួកគាត់ចូលរួមជាមួយកម្មវិធីរបស់យើង។ កម្មវិធីទាំងនេះត្រូវបានប្រើប្រាស់ដោយនាយកដ្ឋាន ដើម្បីធ្វើបទបង្ហាញ ពីសកម្មភាពរបស់ខ្លួន ដល់អ្នកទស្សនកិច្ច និងដៃគូផ្សេងៗ។

ប្រព័ន្ធព័ត៌មានទីផ្សារ តាមរយៈសារទូរស័ព្ទ

ប្រព័ន្ធព័ត៌មានទីផ្សារតាមរយៈសារទូរស័ព្ទ ត្រូវបានបង្កើតឡើងសម្រាប់ផលិតករ និងពាណិជ្ជករនៃកសិផល។ ប្រព័ន្ធនេះទទួលសារអក្សរតាមទូរស័ព្ទ ពីសំណាក់ពាណិជ្ជករ ដែលប្រាប់ពីតម្លៃលក់ដុំសម្រាប់ផលិតផលលេខ១ របស់ពួកគាត់។ បច្ចុប្បន្ន ប្រព័ន្ធនេះទទួលបានតម្លៃលក់ដុំ ជារៀងរាល់ថ្ងៃពីពាណិជ្ជករ ប្រហែល៨០នាក់។ ជាមធ្យម ក្នុងសារអក្សរមួយមានរាយតម្លៃ ពី៤ទៅ៥តម្លៃ។ តាមរបៀបនេះ ជារៀងរាល់ថ្ងៃយើងអាចទទួលបានពី ៣០០ ទៅ៤០០តម្លៃ សម្រាប់ផលិតផលជាង ២០មុខ ពីទីផ្សារចំនួន១៦។

ពាណិជ្ជករ និងផលិតករ អាចទទួលព័ត៌មានតម្លៃនេះបាន តាមរយៈសារអក្សរតាមទូរស័ព្ទ។ ពួកគាត់ស្នើរសុំសេចក្តីពិស្តារតាមរយៈសារកូដរបស់ប្រព័ន្ធនឹងតបវិញជាមួយសេចក្តីពិស្តារដែលស្នើរសុំ។ ក្រៅពីព័ត៌មានតម្លៃ ពួកគាត់ក៏អាចដឹងពីមធ្យោបាយសម្រាប់ទំនាក់ទំនងជាមួយពាណិជ្ជករដែលបានបញ្ជូនតម្លៃផលិតផលណាមួយ មកកាន់ប្រព័ន្ធ។ ប្រព័ន្ធនេះជួយអ្នកប្រើប្រាស់ក្នុងការសម្រេចចិត្ត ព្រមទាំងជួយដល់ការបង្កើត និងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងនៃបណ្តាញទីផ្សារ។ ការងារនេះមានសារៈសំខាន់ ជាពិសេសសម្រាប់ផលិតផលដែលងាយខូចរលួយដូចជាផ្លែឈើ និងបន្លែ ដែលតម្លៃមានការឡើងចុះពីព្រលឹមទល់ព្រលប់។ ជាមួយផលិតផលបែបនេះ ពាណិជ្ជករ និងផលិតករ ត្រូវការព័ត៌មានតម្លៃថ្មីៗ។យើងទទួលបានសំណើសុំតម្លៃនេះពី ៥០ ទៅ១៥០ ជារៀងរាល់ថ្ងៃ។

តាមរយៈការជួបប្រជុំជាប្រចាំជាមួយពាណិជ្ជករ និងផលិតករ យើងឃើញថាប្រព័ន្ធនេះជួយពង្រឹងដល់ទំនាក់ទំនង ពីទីផ្សារមួយទៅទីផ្សារមួយ។ ពាណិជ្ជករឥឡូវនេះ អាចរកបាននូវព័ត៌មានតម្លៃផលិតផលពីទីផ្សារផ្សេងៗបានយ៉ាងរហ័ស។ បន្ទាប់មក ពួកគេប្រើប្រាស់ព័ត៌មាននេះ ដើម្បីទាក់ទងពាណិជ្ជករផ្សេងៗទៀត ក្នុងការទិញ ឬលក់ផលិតផលទៅកាន់ទីផ្សារថ្មីៗ។

ពាណិជ្ជករ អាចសម្រេចចិត្តយ៉ាងល្អដោយផ្អែកលើព័ត៌មានទីផ្សារ នៅពេលទិញផលិតផល ព្រោះពួកគាត់ដឹងតម្លៃពីទីផ្សារផ្សេងៗ។ នេះជួយអោយផលិតផល ក្នុងបរិមាណកាន់តែច្រើនជាងមុន ត្រូវបានទិញពីផលិតករ-កសិករ។

ក្នុងពេលជាមួយគ្នានេះដែរ ផលិតករអាចដឹងពីចរន្តតម្លៃ ពីទីផ្សារផ្សេងៗ។ ព័ត៌មាននេះ អាចជួយពង្រឹងដល់ការចរចាតម្លៃ នៅពេលពួកគាត់លក់ផលិតផលរបស់ពួកគាត់។ សូមចូលទៅកាន់ទំព័រ ព័ត៌មានទីផ្សារតាមរយៈសារអក្សរតាមទូរស័ព្ទ ដើម្បីរកមើលការពន្យល់ពិស្តារអំពីរបៀបប្រើប្រាស់ ប្រព័ន្ធព័ត៌មានទីផ្សារតាមរយៈសារអក្សរតាមទូរស័ព្ទនេះ។

​ Zing​​ | ថ្ងៃ អង្គារ ទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨