Khmer | EN

ការអភិវឌ្ឍទីផ្សារកសិកម្ម


ប្រើប្រាស់ព័ត៌មានតម្លៃសម្រាប់ការអភិវឌ្ឍទីផ្សារ គឺសំដៅតែលើផ្លែឈើ និងបន្លែ។ ផ្នែកនេះពាក់ព័ន្ធនឹងសកម្មភាពចំនួន២សំខាន់ៗគឺ៖

Market Information

១. សាលាទីផ្សារកសិករ

២. កិច្ចប្រជុំពិភាក្សាអាជីវកម្មរវាងពាណិជ្ជករ និងកសិករ

សាលាទីផ្សារកសិករ

សាលាទីផ្សារកសិករ ជាគម្រោងថ្មីមួយក្នុងវិស័យសកម្មភាពទីផ្សារ។ គម្រោងសាកល្បង បានចាប់ផ្តើមនៅចុងឆ្នាំ២០០៧ ដែលឧបត្ថមជារួមដោយគម្រោងព័ត៌មានទីផ្សារកសិកម្មកម្ពុជា។

សាលាទីផ្សារកសិករ ជាប្រភេទវគ្គបណ្តុះបណ្តាលអនុវត្តន៍មួយ ដែលធ្វើនៅតាមច្រកទ្វា កសិដ្ឋាន បន្លែ និងផ្លែឈើនានា។សាលាទីផ្សារកសិករ ផ្តល់ឲ្យផលិតករ និងពាណិជ្ជករ នូវវគ្គបណ្តុះបណ្តាលផ្នែកទីផ្សារ និងការអនុវត្តល្អៗសម្រាប់ការប្រមូលផលដំណាំ។ តាមរយៈវិធីសាស្ត្រនេះ សាលាទីផ្សារកសិករ ជួយបង្កើនចំណេះដឹង និងជំនាញដល់ស្ថាប័នពាក់ព័ន្ធ ក្នុងការគ្រប់គ្រងកសិដ្ឋានបន្លែ និងផ្លែឈើរបស់ពួកគាត់ឲ្យបានកាន់់តែប្រសើរឡើង តាមរយៈបច្ចេកវិជ្ជាសមស្របសម្រាប់ប្រើមុន និងក្រោយពេលប្រមូលផល ដើម្បីលក់ផលិតផលរបស់គាត់បានកាន់តែប្រសើរ និងដើម្បីចូលរួមក្នុងសកម្មភាពបញ្រ្ជាបយេនឌ័រ។

សាលានេះក៏បានផ្តល់អោយកសិករ និង ឈ្មួញ នូវឱកាសដ៏មានតម្លៃ សម្រាប់លើកឡើងពី បញ្ហាអាជីវកម្មរបស់ពួកគាត់ និង កត់សំគាល់វិធានការនានា ដើម្បីធ្វើអោយប្រសើរឡើងនូវការដោះដូរនាពេលអនាគត។ មកដល់ពេលនេះ សាលាទីផ្សារកសិករបានបណ្តុះបណ្តាលកសិករ និង ឈ្មួញប្រហែល៤០០០នាក់ ក្នុងភូមិចំនួនជាង១០០ ក្នុងរាជធានី-ខេត្តចំនួន១៣ នៅទូទាំងប្រទេសកម្ពុជា។

គោលបំណង របស់សាលាទីផ្សារកសិករ

ដើម្បីបង្កើនគុណភាព និងបរិមាណ នៃផលិតផល បន្លែ និងផ្លែឈើ ក្នុងស្រុក និងដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ផលិតករ និង ឈ្មួញ។

វត្ថុបំណង របស់សាលាទីផ្សារកសិករ

  • កសាងសមត្ថភាពកសិករដាំបន្លែ និង ឈ្មួញអោយអាចរៀបចំចាត់ចែង បន្លែនិងផ្លែឈើ អោយបានល្អសម្រាប់ទីផ្សារក្រោយពេលប្រមូលផល។
  • ជួយកសិករឲ្យចេះវិភាគពីថ្លៃចំណាយលើការបង្កបង្កើនផល និងថ្លៃចំណាយលើទីផ្សារសម្រាប់ផលិតផលបន្លែ និងផ្លែឈើរបស់ពួកគេ។
  • ធ្វើឲ្យប្រសើរឡើងនូវបណ្តាញទំនាក់ទំនងរវាងផលិតករបន្លែ និងឈ្មួញ។

សាលាទីផ្សារកសិករ ចាប់ផ្តើមដោយការផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្គោលតាមរយៈសិក្ខាសាលារយៈពេល ២សប្តាហ៍។ក្រុមគ្រូបង្គោលរួមមាន មន្ត្រីកសិកម្មខេត្តចំនួន៣រូប មន្ត្រីការិយាល័យទីផ្សារកសិកម្មខេត្តចំនួន១រូប និងមន្ត្រីកិច្ចការនារីខេត្តចំនួន១រូប។ វគ្គបណ្តុះបណ្តាលនេះផ្តល់សមត្ថភាពដល់គ្រូបង្គោលឲ្យចេះគ្រប់គ្រង និងអនុវត្តកម្មវិធីដែលមានរយៈពេល៤ថ្ងៃដើម្បីបណ្តុះបណ្តាលដល់កសិករ និង ឈ្មួញបន្លែផ្លែឈើ។ គម្រោងនេះ បានធ្វើឡើងជាង ១០០វគ្គសិក្សា នៅក្នុងរាជធានី-ខេត្តគោលដៅចំនួន១៣ និងគម្រោងរបស់អង្គការមិនមែនរដ្ឋាភិបាល (CAVACGTZADDACADFADRA)។

ចំនុចសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាល នៃសាលាទីផ្សារកសិករ រួមមានៈ 

  • ការធ្វើបណ្តាញទីផ្សារ
    • ការផ្សារភ្ជាប់កសិករទៅនឹងទីផ្សារ
    • អំណាចក្នុងការចរចាតម្លៃ
    • សារៈសំខាន់និង ការប្រើប្រាស់នាមប័ណ្ណអាជីវកម្មរបស់កសិករ
    • ការទំនាក់ទំនងជាមួយឈ្មួញ
  • ព័ត៌មានទីផ្សារ ការផ្តត់ផ្គង់ និងតម្រូវការ
  • ថ្លៃចំណាយលើការបង្កបង្កើនផល និង ថ្លៃចំណាយលើទីផ្សារ
  • ការប្រើប្រាស់បច្ចេកទេសកែច្នៃផលិតផលកសិកម្ម
    • មុនពេលប្រមូលផល
    • ការប្រមូលផល
    • ការធ្វើចំណាត់ថ្នាក់
    • ការស្តុកទុក
    • ការវេចខ្ចប់
    • ការដឹកជញ្ជូន
  • សកម្មភាពលក់ និងការធ្វើរបាយការណ៍
  • តួនាទីយេនឌ័រនៅក្នុងការផលិត និងការជម្រុញទីផ្សារកសិកម្មជាលក្ខណៈគ្រួសារ

សាលាទីផ្សារកសិករ ផ្តល់ព័ត៌មានទីផ្សារដើម្បីជួយដល់កសិករ ក្នុងការសម្រេចចិត្ត ឲ្យបានសមស្រប។ ការងារនេះជួយទាំងស្រ្តី និងបុរស ឲ្យសម្រេចចិត្តបានត្រឹមត្រូវនៅពេលផលិត និងនៅពេលលក់ផលិតផលរបស់ពួកគាត់។

កិច្ចប្រជុំពិភាក្សាអាជីវកម្មរវាងកសិករ និងឈ្មួញ

គោលបំណង

ដើម្បីកសាងទំនុកចិត្ត និងពង្រឹងបណ្តាញអាជីវកម្ម ឲ្យបានរឹងមាំ រវាងក្រុមកសិករបន្លែ និងឈ្មួញ។

កិច្ចប្រជុំពិភាក្សាអាជីវកម្មរវាងកសិករ និងឈ្មួញ រៀបចំឡើងដើម្បីជួយដល់កសិករ និងឈ្មួញក្នុងការ ៖

  • រកឲ្យឃើញនូវបញ្ហា និងផលពិបាកនានា ដែលធ្វើអោយផលិតករ និងឈ្មួញមានការបារម្មណ៍ក្នុងការអភិវឌ្ឍអាជីវកម្មបន្លែ។
  • ចែករំលែកបទពិសោធន៍ ពីការលំបាកនានា ដែលទាក់ទងនឹងការចំណាយនៃការផលិត និងការកំណត់តម្លៃទីផ្សារដែលផលិតករបន្លែបានជួបប្រទះជាមួយឈ្មួញ។
  • ចែករំលែកបទពិសោធន៍ ពីការលំបាកនានាដែលទាក់ទងនឹងគុណភាព និងបរិមាណផលិតផលក្នុងតំបន់ថ្លៃចំណាយលើទីផ្សារ ការផ្គត់ផ្គង់ និងតម្រូវការនៃបន្លែ សម្រាប់ទីផ្សារក្នុងតំបន់ដែលឈ្មួញបានជួបប្រទះជាមួយនឹងកសិករ។
  • រកឲ្យឃើញនូវវិធានការ ដែលភាគីទាំងសងខាង អាចយកមកអនុវត្តន៍ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត លើការអភិវឌ្ឍអាជីវកម្មបន្លែ នៅក្នុងទីផ្សារក្នុងតំបន់របស់ពួកគាត់។

នៅផ្នែកផ្សេងទៀតនៃគេហទំព័រនេះ លោកអ្នកអាចទាញយករបាយការណ៍ស្តីអំពីសាលាទីផ្សារកសិករ វិធីសាស្រ្តរបស់សាលាទីផ្សារកសិករ និងសេចក្តីណែនាំពីការអនុវត្តន៍។ លោកអ្នកក៏អាចទាក់ទងសមាជិកក្រុមការងារបណ្តុះបណ្តាល ក្រុមកសិករ និងរកមើលឯកសារសម្រាប់វគ្គបណ្តុះបណ្តាលដែលប្រើប្រាស់ដោយ សាលាទីផ្សារកសិករ។

​ Zing​​ | ថ្ងៃ អង្គារ ទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨